ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម មានដៃគូរអាជីវកម្មជាងច្រើន និងកំពុងជំរុញបង្កើតកិច្ចសហប្រតិបត្តិការបន្ត ជាមួយអង្គការ សមាគមពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើអាជីវកម្មក្នុងការទទួលបានឥណទានក្នុងលក្ខខណ្ឌអនុគ្រោះ ដែលមានការបញ្ចុះអត្រាការប្រាក់ទាប ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធយកឥណទានទៅពង្រីកអាជីវកម្ម។
លោក នៀវ សុគន្ធ នាយកប្រតិបត្តិធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកព័ត៌មាន BTV ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាមួយអង្គការ សមាគមពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់ពង្រីកអាជីវកម្មថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាធនាគាររបស់រដ្ឋ និងជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ សេវាកម្មហិរញ្ញវត្ថុដែលមានលក្ខខណ្ឌអនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលដៅដែលបានផ្តល់អាទិភាព ការកែច្នៃកសិកផល, ការកែច្នៃម្ហូបអាហារ និងគាំទ្រដល់ផលិតកម្មនានាជាដើម។
លោក បន្តថា ដើម្បីអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសហការជាមួយដៃគូរអាជីវកម្មមួយចំនួន មកដល់ពេលនេះ ធនាគារ SME មានដៃគូរសហការជាង១០ដូចជា៖ សហមាគមអ្នកផលិតចំណីអាហារកម្ពុជា, សមាគមសហគ្រិនស្រ្តី និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមជាដើម សុទ្ធសឹងជាដៃគូរអាជីវកម្មរបស់ធនាគារ SME ក្នុងនោះចំពោះហិរញ្ញប្បទានដែលផ្តល់ឲ្យសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវបានផ្តល់តាមដៃគូរសហការទាំងអស់ ដោយមានលក្ខខណ្ឌអនុគ្រោះ (ដោយមានការបញ្ចុះអត្រាការប្រាក់) ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធបានឥណទានទៅពង្រីកអាជីវកម្ម។
លោក នៀវ សុគន្ធ បញ្ជាក់ថា ជុំវិញការផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គាំទ្រដល់វិស័យផ្សេងៗ នេះ បច្ចុប្បន្នមានការធ្លាក់ចុះបន្តិចបន្តួច បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺមានកំណើនទាបជាង, តែទោះបីយ៉ាងណាក៏ដោយ ការផ្តល់ឥណទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅតែមានកំណើនឥណទាន ដោយសារមានអាជីវកម្មថ្មីៗត្រូវបង្កើនឡើងជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី