
ក្រុមអ្នកគាំទ្រនៃកិច្ចព្រមព្រៀងអន្តរជាតិ ដែលហាមប្រាមគ្រាប់បែកចង្កោម ដែលបង្កគ្រោះថ្នាក់ និងសម្លាប់ជនស៊ីវិលច្រើនជាងអ្នកប្រយុទ្ធ កំពុងខិតខំប្រឹងប្រែងទប់ស្កាត់ការបំផ្លាញក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអ្វីដែលក្រុមសិទ្ធិមនុស្សឈានមុខគេហៅថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក«ដែលមិនសមហេតុផល »ក្នុងការបញ្ជូនអាវុធបែបនេះ ទៅកាន់អ៊ុយក្រែនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
ក្រុមតស៊ូមតិនៅក្នុងសម្ព័ន្ធគ្រាប់បែកចង្កោម បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ពួកគេកាលពីថ្ងៃអង្គារ មុនកិច្ចប្រជុំនៅសប្តាហ៍ក្រោយនៃបេសកជនមកពីប្រទេសចំនួន១១២ ដែលបានយល់ព្រម ឬផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់គ្រឿងផ្ទុះផ្សេងៗ និងអំពាវនាវឲ្យមានការបោសសម្អាតតំបន់ដែលពួកវាត្រូវដាក់ពង្រាយនៅលើដី ជាញឹកញាប់ក្នុងអំឡុងពេល ឬក្រោយជម្លោះ។
ប្រទេសចំនួន១២ទៀត បានចុះហត្ថលេខាលើអនុសញ្ញានេះ។ សហរដ្ឋអាមេរិក និងរុស្ស៊ី មិនស្ថិតក្នុងចំណោមពួកគេទេ។
អ្នកស្រី Mary Wareham មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានគាំទ្រអនុសញ្ញារយៈពេល១៥ឆ្នាំ និយាយថា សម្ព័ន្ធនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធានការរបស់សហរដ្ឋអាមេរិក នៅក្នុងខែកក្កដា បន្ទាប់ពីការជជែកពិភាក្សាគ្នាដ៏តឹងតែងក្នុងចំណោមមេដឹកនាំសហរដ្ឋអាមេរិក ដើម្បីបញ្ជូនកាំភ្លើងធំ១៥៥មីលីម៉ែត្ររាប់ពាន់ដើម ដែលបាញ់គ្រាប់បែកចង្កោម ទៅអ៊ុយក្រែន។

