
លោកស្រី Raphaelle Nayral គឺជាអគ្គលេខាធិការក្រុមហ៊ុន Paris Fraicheur និយាយថា ទីក្រុងប៉ារីស មានគម្រោងពង្រីកប្រព័ន្ធត្រជាក់ជាយក្រុង ដែលយកទឹកពីទន្លេ Seineស្របពេលដែលពួកគេព្យាយាមឈានដល់តម្រូវការកើនឡើងខ្ពស់សម្រាប់ម៉ាស៊ីនត្រជាក់ ខណៈទប់ស្កាត់ការបំភាយឧស្ម័នកាបូន ។
គួរឲ្យដឹងថា ក្រុមហ៊ុន Paris Fraicheurគ្រប់គ្រង ៨៥ភាគរយដោយក្រុមហ៊ុនថាមពលបារាំង Engie និង ១៥ភាគរយដោយប្រតិបត្តិករដឹកជញ្ជូនក្រុងប៉ារីស RATP ។
ទីតាំងសេវាកម្មបណ្តាញត្រជាក់ធំបំផុតរបស់អឺរ៉ុបមួយនេះ មាននៅទូទាំងទីក្រុងប៉ារីស រួមទាំងអគារដែលនឹងប្រើប្រាស់សម្រាប់ព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅក្រោយ ដូចជាអគារ Grand Palais ដែលជាសាលពិព័រណ៍ដែកថែប និងកញ្ចក់ធំទូលាយ ស្ថិតនៅកណ្តាលទីក្រុងប៉ារីស ។
លោកស្រី Nayral និយាយថា វានឹងយកទឹកពីទន្លេ Seineសម្រាប់ស្ថានីយ៍ត្រជាក់ ដែលបូមទឹកត្រជាក់ឆ្លងកាត់បំពង់ក្រោមដី ទៅកាន់អគារដែលប្រើប្រាស់វាជំនួសឲ្យអង្គភាពម៉ាស៊ីនត្រជាក់ ។
លោកស្រីបន្តថា អគារនឹងទទួលបានទឹកត្រជាក់ដែលពួកយើងចែកចាយ ហើយនិងប្រើប្រាស់សម្រាប់ម៉ាស៊ីនត្រជាក់ ហើយវាអាចជួយគ្រប់គ្រងកម្រិតការបំភាយឧស្ម័នកាបូនរបស់ម៉ាស៊ីនត្រជាក់ ។
លោកស្រីនិយាយទៀតថា ផែនការនេះ នឹងបង្កើតប្រព័ន្ធត្រជាក់នៅតំបន់ភាគខាងត្បូងទីក្រុង ក៏ដូចជាបន្តរហូតដល់មន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំកុមារ និងមនុស្សចាស់ ហើយនិងផ្ទះសម្បែងនិវត្តន៍ជន ។
ដូចគ្នានឹងទីក្រុងផ្សេងទៀតនៅអឺរ៉ុបដែរ ទីក្រុងប៉ារីស បានឆ្លងកាត់រដូវក្តៅខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងនោះសីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៣អង្សាសេ កាលពីខែកក្កដា ឆ្នាំមុន ៕