ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចកី្តសម្រេចស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង, នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញ និងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងធម្មការ និងសាសនា តាមរាជធានី-ខេត្ត ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដើម្បីបង្កើនគុណភាពការងារ ដំណើរការទៅយ៉ាងរលូន គឺចាំបាច់ណាស់ត្រូវបែកចែងភារកិច្ចជូនថ្នាក់ដឹងនាំក្រសួង ឲ្យបានច្បាស់លាស់បន្ថែម លើការងារបច្ចុប្បន្ន ដែលត្រូវអនុវត្តន៍នៅក្នុងអាណត្តិថ្មីទី៧នេះ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ទៀតថា នៅក្នុងអាណត្តិថ្មីនេះ យើងទើបចាប់ផ្តើម តែកិច្ចការរបស់ក្រសួងមានច្រើនក្នុងការបំពេញជូនរាជរដ្ឋាភិបាល ដូចនេះឯកឧត្តម សង្ឃឹមថា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទាំងអស់ នឹងរួមគ្នាអនុវត្តន៍ការងារដែលបានបែងចែករួចនោះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅមុខបន្ថែមទៀត៕ អត្ថបទ៖ រដ្ឋា

















