
ស្របពេលដែលក្រុមអាជ្ញាធរអ៊ុយក្រែន បញ្ជាឲ្យជម្លៀសកុមារចេញពីទីក្រុង និងភូមិជាច្រើននៅតំបន់ Zaporizhzhia អ្នកស្រី Svitlana ដែលជាស្រ្តីម្តាយកូន ៤ បានសម្រេចចិត្តបន្តស្នាក់នៅផ្ទះរបស់គាត់។
កូនអាយុ ២ឆ្នាំ និងអាយុ ៨ឆ្នាំរបស់អ្នកស្រី Svitlana រស់នៅជាមួយគាត់នៅទីក្រុងសមរភូមិមុខ Huliaipole ស្ថិតក្នុងតំបន់ Zaporizhzhia ខណៈដែលកូនច្បង ២នាក់ទៀត រៀននៅទីក្រុង Dnipro ។
ថ្លែងចេញពីកន្លែងលាក់ខ្លួនបង្កើតនៅក្នុងបន្ទប់ក្រោមដី អ្នកស្រី Svitlana និយាយថា គ្មានទីក្រុងណាមួយរបស់អ៊ុយក្រែនមានសុវត្ថិភាពពីមីស៊ីលរុស្ស៊ីនោះឡើយ ។
ទីក្រុង Huliaipole គ្មានកន្លែងណាមួយត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីនោះទេ បើទោះបីជាអគារជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ហើយជនស៊ីវិលជាច្រើន បានរត់ភៀសខ្លួន ។ អ្នកដែលបន្តស្នាក់នៅ តែងតែរត់រកកន្លែងលាក់ខ្លួន ពេលឮសំឡេងផ្លោងគ្រាប់កាំភ្លើងធំទូទាំងទីក្រុង ។
ស្ថានភាពពិតជាពិបាកខ្លាំងណាស់ គ្មានចរន្តអគ្គិសនីប្រើប្រាស់នោះទេ ហើយកន្លែងលាក់ខ្លួន បានបើកកាលពីខែឧសភា ជាទីដែលក្រុមអ្នកស្រុកអាចសាកថ្មទូរស័ព្ទរបស់ពួកគេ ធ្វើសក់របស់ពួកគេ ក៏ដូចជាជជែកគ្នាលេង ផឹកតែដើម្បីបំបាត់ការអផ្សុក ។
តំបន់ Zaporizhzhia ស្ថិតនៅក្នុងចំណោមសមរភូមិមុខសម្រាប់ការវាយបករបស់អ៊ុយក្រែន។ អ៊ុយក្រែន ដណ្តើមបានមកវិញនូវភូមិមួយចំនួន និងទីតាំងឈរជើងនៅក្នុងការវាយបករយៈពេល ៣ខែរបស់ពួកគេ ប៉ុន្តែទាហានពួកគេ ត្រូវបានរារាំងដោយចម្ការមីនទ្រង់ទ្រាយធំ និងលេណដ្ឋានរបស់រុស្ស៊ី៕