កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋចំនួន ២២នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលពលរដ្ឋភាគច្រើនបានឆ្លងមេរោគនេះ បន្ទាប់ពីប៉ះពាល់ជាមួយនឹងកម្មកររោងចក្រមកពីខេត្តកំពង់ចាម។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា ស្ត្រី ៤នាក់ និងបុរសម្នាក់ដែលជាកម្មករកម្មការិនីបម្រើការងារនៅរោងចក្រស្ថិតនៅតំបន់ស្គន់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅក្នុងដំណើរការតេស្តកាលពីថ្ងៃម្សិលមិញនេះ។
ក្រៅពីកម្មករកម្មការិនីទាំង ៥នាក់ហើយនោះ រដ្ឋបាលខេត្តកំពង់ធំក៏បានរកឃើញផងដែរនូវពលរដ្ឋ ១៦នាក់ផ្សេងទៀត ក្នុងនោះមានកុមារ ៦នាក់ផងដែរ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានប៉ះពាល់ជាមួយក្រុមកម្មករកម្មការិនីរោងចក្រ។
ចំណែកឯ ១ករណីទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា ត្រូវបានរកឃើញលើបុរសម្នាក់អាយុ ២១ឆ្នាំ ដែលធ្វើដំណើរវិលត្រឡប់ទៅពីភ្នំពេញ។
គិតត្រឹមថ្ងៃម្សិលមិញនេះ ខេត្តកំពង់ធំរកឃើញមនុស្ស ២១០នាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺ ៨២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ១២៨នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕
