
កាលពីថ្ងៃចន្ទម្សិលមិញ ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ សង្រ្គោះបានជនអន្តោប្រវេសន៍ចំនួន ១៦២នាក់ ហើយបានអូសទូកឈើមួយគ្រឿងដែលពួកគេជិះ ទៅកាន់កំពង់ផែ Arguineguin ស្ថិតនៅលើប្រជុំកោះ Gran Canaria ។
ក្រុមមន្រ្តីនិយាយថា ក្រុមជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានរកឃើញនៅចម្ងាយប្រហែលជិត ៥គ.ម ភាគខាងត្បូងប្រជុំកោះ Gran Canaria ដែលរួមទាំងស្រ្តី ៥នាក់ និងអានីតិជន ១២នាក់ ។
គួរឲ្យដឹងថា ប្រជុំកោះ Canary ស្ថិតនៅក្នុងសមុទ្រអាត្លង់ទិកជិតតំបន់ឆ្នេរអាហ្វ្រិកខាងលិច បានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមចង់ទៅដល់ប្រទេសអេស្ប៉ាញ ក្នុងនោះចំនួនជនអន្តោប្រវេសន៍តិចតួចប៉ុណ្ណោះដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ បានទៅដល់ដីគោកអេស្ប៉ាញ។
ផ្លូវអន្តោប្រវេសន៍នៅក្នុងសមុទ្រអាត្លង់ទិក ដែលស្ថិតនៅក្នុងចំណោមផ្លូវសមុទ្រស្លាប់មនុស្សច្រើនបំផុតរបស់ពិភពលោកនេះដែរ តាមធម្មតាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍មកពីតំបន់អនុសាហារ៉ារបស់អាហ្វ្រិក ដោយពួកគេព្យាយាមទៅដល់អឺរ៉ុប ជាពិសេសអំឡុងរដូវក្តៅ ពេលដែលស្ថានភាអាកាសធាតុអំណោយផលជាង៕