ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានបំណងក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋនេះតែម្តង។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តម លី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចជំនួបនោះសម្តេចធិបតីហ៊ុន ម៉ាណែត បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ក៏បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ(កម្ពុជា-សិង្ហបុរី) ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជាផងដែរ ។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះដែរ ឯកឧត្តម លី សៀនលុង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេចមហាបវរធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង បានរំលឹកប្រកបដោយមនោសញ្ចេតនា អំពីពេលចុងក្រោយដែល ឯកឧត្តម បានជួបសម្តេចមហាបវរធិបតី កាលពីឆ្នាំ២០១៨ផងដែរ ។ ឯកឧត្តម លី សៀនលុង បានឯកភាពក្នុងការពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា, ហើយ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខផងដែរ។
ក្នុងកិច្ចជំនួបថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និង ផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ៕ អត្ថបទ ៖ បាន ចក់





