
ប្រទេសចិន នៅថ្ងៃអង្គារ (ទី៥ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសឥណ្ឌា «នៅតែមានស្ថិរភាព ជារូម» ដោយនេះ គឺជាលើកឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលថា តើការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Li Qiang ក្នុងកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20 នាចុងសប្តាហ៍នេះ ជំនួសឲ្យប្រធានាធិបតី លោក Xi Jinping គឺជាការឆ្លុះបញ្ចាំងពីភាពតានតឹង រវាងចិន និងឥណ្ឌាឬយ៉ាងណានោះ
ដោយសំដៅទៅលើកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ G20 អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនតែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះ និងចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនានា។
ក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃចន្ទ (ទី៤ ខែកញ្ញា) ថា នាយករដ្ឋមន្ត្រីចិន លោក Li នឹងដឹកនាំគណៈប្រតិភូរបស់ប្រទេសចិន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា នៅចុងសប្តាហ៍នេះ ដោយបញ្ជាក់ថា លោកប្រធានាធិបតី Xi នឹងមិនមានវត្តមាន ក្នុងកិច្ចប្រជុំនេះនោះទេ ដែលជាការបោះបង់ឱកាស ក្នុងការបានជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅទីនោះ។
លោក Biden បានប្រាប់កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣ ខែកញ្ញា) ថា លោកមានការខកចិត្ត ដែលលោក Xi មិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ ប៉ុន្តែលោកបានបន្ថែមថា លោកនឹងជួបជាមួយមេដឹកនាំកំពូលរបស់ចិនរូបនេះ។ យ៉ាងណាក្ដី លោក Biden ក៏មិនបានបញ្ជាក់ឲ្យល្អិតល្អន់ជាងនេះឡើយ៕