
នៅពេលដែលអ្នករស់នៅកន្លែងប្រមូលផ្ដុំសំណង់មិនរៀបរយ ក្នុងតំបន់ នៅក្រុងញូវដេលី (New Delhi) ប្រទេសឥណ្ឌា បានឮថា កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ពីលំនៅឋានរបស់ពួកគេ នៅក្នុងជំរំ Janta ពួកគេរំពឹងថា ការធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេ។ តែព្រឹត្តិការណ៍នេះ បែរជាធ្វើឲ្យពួកគេបាត់បង់ទីកន្លែងជ្រកកោនទៅវិញ។
លោក Dharmendra Kumar និងប្រពន្ធ Khushboo Devi ព្រមទាំងកូនទាំង ៣នាក់របស់ពួកគេ ស្ថិតក្នុងចំណោមប្រជាជនជាច្រើនទៀត នៅក្នុងរដ្ឋធានីជាតិរបស់ឥណ្ឌា ដែលផ្ទះសម្បែងរបស់ពួកគេ ត្រូវបានរុះរើក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទាំងអ្នកស្រុក និងសកម្មជន និយាយដូចគ្នាថា នេះគឺជាផ្នែកមួយនៃការងារកែលម្អ សម្រាប់កិច្ចប្រជុំកំពូល ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ និងទី១០ ខែកញ្ញា។
តែមន្ត្រីមកពីរដ្ឋាភិបាលសហព័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Narendra Modi ដែលបាន និងកំពុងអនុវត្តការរុះរើនេះ បដិសេធការលើកឡើងនេះ ដោយនិយាយថា ផ្ទះទាំងនោះ ត្រូវបានសាងសង់ ដោយខុសច្បាប់នៅលើដីរបស់រដ្ឋាភិបាល ហើយការរុះរើចេញ គឺជាការធ្វើសកម្មភាពបន្តប៉ុណ្ណោះ។
ផ្ទះនៅតំបន់សំណង់មិនរៀបរយដូចជាផ្ទះ នៅជំរំ Janta ត្រូវបានសាងសង់ជាច្រើនឆ្នាំមកហើយ ដូចជាការបិតភ្ជាប់តៗគ្នា។ អ្នកស្រុកភាគច្រើនធ្វើការនៅតំបន់ក្បែរនោះ និងបានរស់នៅក្នុងកន្លែងខណ្ឌចែកនៃផ្ទះដ៏តូចរបស់ពួកគេអស់ជាច្រើនទសវត្សរ៍មកហើយ។
ការវាយកម្ទេចនេះ បានចាប់ផ្តើមឡើង កាលពី ៤ខែមុន។ អេស្កាវ៉ាទ័រ បានទៅកាន់ជំរំ Janta នៅពេលព្រឹកក្ដៅហែង កាលពីខែឧសភា ហើយរូបភាពវីដេអូនៃការវាយកម្ទេចនេះ បង្ហាញពីផ្ទះបណ្តោះអាសន្នដែលធ្វើពីបន្ទះសំណប៉ាហាំង ត្រូវបានឈូសរាបដល់ដី ខណៈប្រជាជន ដែលធ្លាប់ហៅវាថា ជាផ្ទះ ឈរមើលទាំងសោកស្ដាយ ដោយខ្លះបានបង្ហូរទឹកភ្នែកទៀតផង៕