
ប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយ នៅថ្ងៃអង្គារ (ទី៥ ខែកញ្ញា) នេះ ថា ប្លុកនេះ បាន និងកំពុងធ្វើការអស់រយៈពេលជាច្រើនខែ មកហើយ ដើម្បីជំរុញឲ្យមានការដោះលែងបុគ្គលិករបស់ EU ជាជនជាតិស៊ុយអែតម្នាក់ ដែលត្រូវបានឃុំខ្លួន ក្នុងប្រទេសអ៊ីរ៉ង់ រយៈពេល៥០០ថ្ងៃកន្លងទៅ។
ប្រទេសស៊ុយអែត និងគណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ (ទី៤ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ជនជាតិស៊ុយអែតម្នាក់ កំពុងត្រូវបានឃុំខ្លួន នៅអ៊ីរ៉ង់ បន្ទាប់ពីមានសេចក្ដីរាយការណ៍មួយពីសារព័ត៌មាន The New York Times។
នៅថ្ងៃអង្គារនេះ លោក Borrell បានបញ្ជាក់ពីបុរស ដែលស្ថិតនៅក្នុងការសង្ស័យនោះ គឺឈ្មោះ Johan Floderus ដែលលោកបានពិពណ៌នាថា ជា «ពលរដ្ឋស៊ុយអែតធ្វើការឲ្យសហភាពអឺរ៉ុប ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ នៅប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល ៥០០ថ្ងៃកន្លងទៅ»។
នៅក្រៅកិច្ចប្រជុំរបស់រដ្ឋមន្ត្រីអភិវឌ្ឍសហភាពអឺរ៉ុប ក្នុងទីក្រុង Cadiz ប្រទេសអេស្ប៉ាញ លោក Borrell បាននិយាយថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា ខ្លួនខ្ញុំផ្ទាល់ ក្រុមការងាររបស់ខ្ញុំទាំងអស់ គ្រប់លំដាប់ថ្នាក់ ដែលកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស៊ុយអែត និងជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំខ្លួន បាន និងកំពុងជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់ដោះលែងរូបគាត់»៕