ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ នឹងអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា តបតាម ការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា នៅក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោង នឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងនោះរួមមាន ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី។ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរផងដែរ៕

