សៀមរាប៖ ពិធីប្រកាសទទួលស្គាល់ប្រធានថ្មី នៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបអាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មន្ត្រីសាខា-អនុសាខា និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល យុវជន និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៧៥នាក់។
លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន,អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន២រូប ហេរញ្ញិក១រូប និងសមាជិក សមាជិកាសរុបចំនួន១៣រូប និងសមាជិកបំរុង ២រូប តាមសេចក្តីសម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ ដែលជាប្រធានថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ នាពេលនេះ ហើយដើម្បីជាសក្ខីភាព ឆ្លើយតបចំពោះទំនុកចិត្ត និងសេចក្តីជឿជាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នា ដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខា-អនុសាខាឱ្យអនុវត្តបានល្អ នូវភារកិច្ចស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យអាទិភាពទាំង៤។ យកចិត្តទុកដាក់បន្តការងារពង្រីក យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិនៅមូលដ្ឋាន និងពង្រឹងសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាពសហគមន៍។ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ស្ថាប័ន អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំង ដើម្បីរួមចំណែកកាត់បន្ថយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ បានសំដែងនូវការគាំទ្រឯកឧត្តម ប្រាក់ សោភ័ណ្ឌ ដែលទើបទទួលស្គាល់ថ្មីនេះ ថាពិតជាស្មោះស្ម័គ្រ ក្នុងការចូលរួម ជួយទទួលខុសត្រូវចំពោះមុខ គណៈកម្មាធិការកណ្តាល ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។ ជាពិសេសបន្តពង្រឹង ពង្រីកសមាជិកភាព ផ្ដួចផ្ដើមរៀបចំយុទ្ធនា ការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ៕អត្ថបទ៖ សំ ងីម







