ឥណ្ឌូនេស៊ី៖ ក្រុមេដឹកនាំអាស៊ាន បានថ្កោលទោសយ៉ាងដាច់អហង្ការលើការប្រើប្រាស់អំពើហិង្សា និងការវាយប្រហារលើជនស៊ីវិល ក្នុងសហភាពមីយ៉ាន់ម៉ា ដោយបានស្ដីបន្ទោសលើរបបដឹកនាំយោធាដោយផ្ទាល់អំឡុងជំនួបនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយនិយាយនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារថា មានការរីកចម្រើនតិចតួចលើផែនការសន្តិភាព ដែលបានព្រមព្រៀងរួចមកហើយ។
សហភាពមីយ៉ាន់ម៉ា ត្រូវបានរួបរឹតដោយអំពើហិង្សាដ៏ធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi) និងជំរុញឲ្យបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំងរបបសឹកនេះ ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ (ASEAN) ដែលត្រូវបានក្រុមអ្នករិះគន់និយាយជាយូរមកហើយថា ជាក្រុមបានតែនិយាយគ្មានចំណាត់ការ បានជួបគ្នានៅក្នុងរដ្ឋធានី ហ្សាកាតា ដើម្បីស្វែងរកសំឡេងរួបរួមគ្នាដោះស្រាយវិបត្តិនេះ ។
ក្រុមមេដឹកនាំបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍១៩ចំណុចដែលត្រូវបានទទួលដោយសារព័ត៌មានAFPថា ក្រុមមេដឹកនាំទាំងអស់ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធសហភាពមីយ៉ាន់ម៉ា ជាពិសេស និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសនេះ កាត់បន្ថយអំពើហិង្សា និងបញ្ឈប់ការវាយប្រហារដាក់គោលដៅលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ទីផ្សារ។
យើងទាំងអស់គ្នា បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាដែលនៅតែបន្តក្នុងសហភាពមីយ៉ាន់ម៉ា។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាសរបបសឹកនេះពីបទវាយប្រហារតាមអាកាសលើមូលដ្ឋានក្រុមឧទ្ទាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

