ថៃ៖ ក្រុមអាជ្ញាធរបាននិយាយថា គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជាតារា TikTok ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសថៃ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយក្មេងស្រីអាយុ ១៦ឆ្នាំ ដែលលោកបានទាក់ទងតាមអ៊ីនធឺណិត។យោងតាមនគរបាលជនស្មើស លោក លូក រ៉ុកវ៉េល (Luke Rockwell) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។លោកបានបង្ហាញខ្លួននៅតុលាការកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
គ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននិយាយថា បុរសជាជនល្មើសបានចម្លងជំងឺកាមរោគ ដែលបណ្តាលឲ្យកូនស្រីរបស់គាត់មិនស្រួលខ្លួន។ សារព័ត៌មាន NBC News មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះបានទេ ហើយ នគរបាល ក៏មិនបានធ្វើអត្ថាធិប្បាយលើករណីនេះដែរ។
លោកវរសេនីយ៍ឯក វ៉ាជីរ៉ាកន វ៉ុងប៊ូន (Vajirakorn Wongboon) នៃស្នងការនគរបាលដ្ឋានថៃ បានបញ្ជាក់ពីការចាប់ខ្លួនរបស់លោក Rockwell ថាលោកកំពុងបង្រៀនភាសាអង់គ្លេសនៅទីក្រុងបាងកក និងអាយុរបស់ដើមបណ្ដឹង។ Rockwell ត្រូវបានចោទប្រកាន់ពីបទ នាំពង្រត់ អនីតិជនពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ "សម្រាប់គោលបំណងមិនសមរម្យដោយមានការយល់ព្រមពីអនីតិជនបែបនេះ"។
គេមិនច្បាស់ទេថាតើ ជនល្មើស Rockwell មានតំណាងស្របច្បាប់នៅក្នុងប្រទេសថៃឬយ៉ាងណា។ លោក Rockwell មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីករណីនេះទេ។ គណនី Tiktok របស់លោក @English_with_teacherluke មានអ្នកចូលរួមតាមដាន ១,៣ លាននាក់ ប៉ុន្តែត្រូវបានកំណត់ទៅជាលក្ខណៈឯកជន។ លោកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈ Facebook. ទេ។
ស្រ្ដីវ័យ៤០ឆ្នាំជាម្តាយរបស់ក្មេងស្រី បានប្រាប់ NBC News ថា លោកRockwell បានជួបកូនស្រីរបស់គាត់កាលពីខែមីនានៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅផ្ទះ របស់ លោកRockwell ដោយសារតែជនសង្ស័យរូបនេះ មិនចង់ឲ្យមានគេឃើញនាងជាសាធារណៈ៕

