ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 លីបង់ នាវេលាម៉ោង ៨យប់នេះ(ម៉ោងនៅកម្ពុជា) ដែលជាជំនួបបើកឆាកវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ នៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។
ការប្រកួតនេះ ធ្វើឡើង ២ថ្ងៃ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ។

គួរដឹងថា បេសកកម្ម នៃការប្រកួតជម្រុះជើងឯកយុវជនអាស៊ីនេះ ក្រុម U23 កម្ពុជា ស្ថិតក្នុងពូលJ ជាមួយគូប្រជែង ៣ក្រុមទៀត ខណៈក្រោយជួបលីបង់ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយជួបក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ។
ចំពោះព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះដែរ គឺមាន ៤៣ក្រុម និងចែកចេញជា ១១ពូល សម្រាប់ធ្វើការប្រកួតជម្រុះ ចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា៕ អត្ថបទ៖ លី ឈុនឡា
