ភ្នំពេញ៖ បច្ចុប្បន្នតាមបណ្ដាសាលារៀន កំពុងយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ដែលមានការដាក់លក់សម្រាប់សិស្សនៅក្នុងបរិវេណសាលា។ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ សាលារៀនមួយចំនួនក៏អនុវត្តកិច្ចការមួយនេះបានល្អប្រសើរ ខណៈសាលាខ្លះនៅមានចន្លោះខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
ឈានមកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្សព្វផ្សាយពីការលក់ដូរចំណីអាហារនៅតាមសាលារៀនប្រកបដោយសុវត្ថិភាពសម្រាប់សិស្ស។
ក្រសួងអប់រំបានកំណត់ការហាមប្រាមលក់ដូរចំណីអាហារ និងភេសជ្ជៈចំនួន៦ប្រភេទ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស និងមានការលើកទឹកចិត្តឱ្យអាជីវករលក់នំចំណីរបស់ខ្មែរវិញ។
សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ សាលារៀនមួយចំនួនបានអនុវត្តលើសុវត្ថិភាពចំណីអាហារបានល្អប្រសើរ តាមការណែនាំ ប៉ុន្តែក៏មាន សាលារៀនខ្លះ នៅមានចន្លោះប្រហោងបន្តមានលក់ចំណីអាហារហាមឃាត់ ពិសេសភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលានៅឡើយ។ នេះជាការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ លោកថា សាលាត្រូវធ្វើកិច្ចសន្យាជាមួយអាជីវករជាលើការងារនេះ។
ជាការអនុវត្តលើការងារសុវត្ថិភាពចំណីអាហារសម្រាប់សិស្ស សម្រាប់សាលាបឋមសិក្សាព្រះនរោត្តម ក៏បានអនុវត្តពង្រឹងលើការងារនេះដែរ។ លោក ជ្រិន សាលី ជានាយករងក្ដាប់រួម បឋមសិក្សាព្រះនរោត្តម ក៏បានណែនាំទៅកាន់អ្នកលក់ដូរ ឱ្យអនុវត្តតាម និងណែនាំឱ្យពួកគេចាប់ផ្ដើមលក់នំចំណីរបស់ខ្មែរ។
ចំពោះសាលាស៊ីសុវត្ថិជំនាន់ថ្មី ជាសាលាកម្រិតវិទ្យាល័យវិញ ក៏មានការអនុវត្តការងារនេះ បានប្រសើរដែរដោយមានកិច្ចសហការល្អពីក្រុមអាជីវករ។ លោក វិបុល ជាអាជីវករមួយរូប លើកឡើងថា អ្នកលក់ដូរទាំងអស់ ទទួលបានការណែនាំ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងមិនត្រូវលក់អ្វីដែលក្រសួងអប់រំ ហាមឃាត់នោះទេ។
ការពង្រឹងលើសុវត្ថិភាពចំណីអាហារ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា “ សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា”។
គួរបញ្ជាក់ដែរថា ចំណីអាហារដែលក្រសួងអប់រំ បានហាមឃាត់មិនឱ្យលក់ដូរក្នុងបរិវេណសាលារួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក