ឥណ្ឌូនេស៊ី៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង ) បាននិយាយប្រាប់ក្រុមមេដឹកនាំអាស៊ានថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នឹងរឹងមាំដូចធ្លាប់មានកាលពីមុនមក ហើយអាចសម្រេចបានគ្រប់កិច្ចការទាំងអស់ ។
លោក Li ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកក្នុងតំបន់មួយនេះ បានធ្វើសេចក្តីអធិប្បាយបែបនេះ ក្រោយប្រទេសចិន បញ្ចេញផែនទីគូសវាស ១០ខ្សែបន្ទាត់ កាលពីសប្តាហ៍មុន កំណត់អ្វីដែលពួកគេចំណុច ចាត់ទុកថាជាដែនទឹករបស់ខ្លួន ទំនងជាចង់ពង្រីកការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ។
ក្រសួងការបរទេសចិន បានរាយការណ៍ដោយលើកសម្តីរបស់លោកនាយករដ្ឋមន្រ្តី Li ថា ចិនចង់ធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងៗគ្នា រួមទាំងវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត ។
លោក Li បាននិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចអំឡុងពិធីលៀងសាយភោជន៍កាលពីល្ងាចថ្ងៃអង្គារថា ពួកគេគួរតែមានជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ ក្រោយទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិនដែលបានបង្កភាពស្រពិចស្រពិលនៅក្នុងទីផ្សារផ្សេងទៀតចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។
ដោយឡែក លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកនេះ និយាយថា ពួកយើងត្រូវការរាប់បញ្ចូលទំនាក់ទំនងមួយនេះ តាមរយៈការយល់ឃើញថាកិច្ចសហប្រតិបត្តិការរឹងមាំ គឺមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាទីដែលអាចសម្រេចបានជាមួយនឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលត្រូវតែបង្កើតឡើង និងរក្សាទុកដោយភាគីទាំងអស់ ។
លោកបន្តថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ អាចជាកម្លាំងវិជ្ជមានសម្រាប់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ៕

