រុស្ស៊ី៖ បុរស៣នាក់ រួមមានជនជាតិរុស្ស៊ី ២នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានសង្រ្គោះដោយសុវត្ថិភាពកាលពីថ្ងៃអង្គារ ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្មាមជាច្រើនក្បាល និងចាប់ផ្តើមលិចនៅក្នុងសមុទ្រផ្កាថ្ម ។
រូបភាពវីដេអូឃ្លីបពីក្រុមអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី(AMSA)ឃើញទូកកម្សាន្តរបស់ពួកគេ ចាប់ផ្តើមលិចចូលទឹក ពេលដែលបុរសទាំង ៣នាក់ ត្រូវបានជួយសង្រ្គោះ ។
យោងតាមការអះអាងរបស់ AMSA បានឲ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទគ្រោះអាសន្នពីអ្នកជិះទូក ៣នាក់ ស្ថិតនៅចម្ងាយប្រហែល ៨៣៥គ.មភាគអាគ្នេយ៍ទីក្រុង Cairns ស្ថិតក្នុងសមុទ្រផ្កាថ្ម ហើយនិងស្នើសុំជំនួយពីនាវាដឹករថយន្តដោតទង់ជាតិប៉ាណាម៉ា Dugong Ace ដែលបានប្តូរទិសដៅនាវាចរណ៍របស់ខ្លួន ឆ្ពោះទៅកាន់ទុកជួបគ្រោះថ្នាក់ ។
AMSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកពោង Tionមានបណ្តោយប្រវែង ៩ម៉ែត្រនេះ បានចាកចេញពីប្រទេសវ៉ានូអាទូ ហើយធ្វើដំណើរទៅកាន់ទីក្រុង Cairns ពេលដែលគ្រោងទូកទាំង ២របស់វា រងការខូចខាត បន្ទាប់ពីរងការវាយប្រហារជាច្រើនលើករបស់ត្រីឆ្មាម ។
បុរសទាំង ៣នាក់នេះ គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង Brisbaneនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕



