អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបខាងលិច ទទួលរងការវាយប្រហារពីរលកកម្តៅជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ដែលកើតចេញពីដូមកម្ដៅមានវិសាលភាពធំធេង។
កាលពីថ្ងៃច័ន្ទ (៤កញ្ញា) សីតុណ្ហភាពក្ដៅខ្លាំងសម្រាប់ខែកញ្ញា ត្រូវបានរាយការណ៍រួចហើយពីប្រទេសបារាំង បេណេលុច និងចក្រភពអង់គ្លេស ប៉ុន្តែកម្ដៅនឹងកើនឡើងកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ទៀត។
នោះគឺជារលកកម្ដៅប្រវត្តិសាស្ត្រ និងខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រារបស់ខែកញ្ញា សម្រាប់ប្រទេសមួយចំនួន។
សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលបន្តិចម្តងៗទៅកាន់អឺរ៉ុបខាងលិច កណ្តាល និងខាងជើង នៅពេលដែលកម្ដៅកើនឡើងពាសពេញទ្វីបមួយភាគធំនៅចុងសប្តាហ៍នេះ។ គំរូអាកាសធាតុក្ដៅ អូមេហ្គា នឹងគ្របដណ្តប់អឺរ៉ុបសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ទៀត។
បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងប្រទេសបារាំង និងប្រទេសស្វីស សីតុណ្ហភាពមិនធម្មតាខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៍ រួមទាំងសម្រាប់អឺរ៉ុបខាងជើងផងដែរ៕

