ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យឯកឧត្តម Zaheeruddin Babar Thaheem(សាហ៊ារ៉ូឌីន បាបា ថាហៀម) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងសវនាការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនៅការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងដោយទទួលបានការទុកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី សម្រាប់អាណត្តិទី៧នេះ។
ក្នុងឱកាសនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ប៉ាគីស្ថាន ជាប្រទេសកាន់សាសនាឥស្លាម តែក្នុងនោះក៏មាននៅសាសនាព្រះពុទ្ធផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដោយឯកឧត្តមមានគោលបំណងចង់ចូលក្រាបថ្វាយបង្គំសម្តេចសង្ឃ ក៏ដូចជាចង់ទស្សនកិច្ចនៅសាកលវិទ្យាល័យព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជាការរឹតចំណងមិត្តភាពដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈក្រសួងធម្មការ និងសាសនា លើវិស័យព្រះពុទ្ធសាសនាកម្ពុជា ។
ជាកិច្ចស្វាគមន៏ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសាទរចំពោះបំណងកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងនាឱកាសនេះ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ គឺជាការផ្សព្វផ្សាយដ៏ល្អនៅវិស័យព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ដែលជាសាសនារបស់រដ្ឋ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី រីករាយស្វាគមន៍ចំពោះព្រះសង្ឃខ្មែរដែលទៅទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដោយនេះជាការបង្ហាញនៅសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំង២៕អត្ថបទ រដ្ឋា





