អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។
របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។
ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។
ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។
គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕


