បាល់ទាត់៖ លោក Antonio Conte បានសំរេចចាកចេញពីតំណែងអ្នកចាត់ការ Inter Milan ហើយ ៣សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯកអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១ឆ្នាំ។

បុរសវ័យ ៥១ឆ្នាំរូបនេះបានចំណាយពេលនៅអ៊ីតាលី ២ឆ្នាំ និងនៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយ Inter។ នេះជាការចែកផ្លូវគ្នារវាងលោក Conte ជាមួយក្លិបដោយព្រមព្រៀងគ្នា។ ដំណើររឿងស្តីពីអនាគតរបស់លោក Antonio Conte ជាមួយ Inter Milan កើតឡើងជាច្រើនខែមកហើយ ពាក់ព័ន្ធទៅនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្លិប បន្ទាប់ពីម្ចាស់វិនិយោគក្រុមចិន Suning កំពុងជួបនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារ Covid-19។ ក្រោយចប់រដូវកាលនេះបើតាមការបញ្ជាក់របស់នាយកបច្ចេកទេស Javier Zanetti អោយដឹងថា ក្លិបមានគំរោងបញ្ចេញកីឡាករមួយចំនួន ដើម្បីកាត់បន្ថយចំណាយតាមដែលអាចធ្វើទៅបាន។
កាលពីខែកុម្ភៈកន្លងទៅក្លិប Jiangsu FC ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Suning ដែរនោះក៏បានប្រកាសក្ស័យធនមួយទៅហើយ ៣ខែប៉ុណ្ណោះបន្ទាប់ពីឈ្នះជើងឯកលីគកំពូលចិន Chinese Super League។ អតីតអ្នកចាត់ការ Juventus លោក Massimiliano Allegri និងគ្រូបង្វឹក Lazio បច្ចុប្បន្នលោក Simone Inzaghi ត្រូវបានគេដឹងថា មានភាគច្រើនក្នុងការជំនួសតំណែងនៅ Inter Milan៕
អត្ថបទ៖នាង សុភាវុធ