ចិន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) អ្នកជំនាញឈានមុខផ្នែកសន្តិសុខអន្តរជាតិម្នាក់បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខ ដែលគេជឿថានឹងប្រព្រឹត្តទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺដោយសារតែកង្វះអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។
របាយការណ៍មួយនៅក្នុងសារព័ត៌មាន New York Times បាននិយាយដោយសំអាងដល់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
លោកស្រី Patricia Lewis ប្រធានកម្មវិធីសន្តិសុខអន្តរជាតិ Chatham House របស់អង់គ្លេសបាននិយាយាថា រុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនត្រូវការពីប្រទេសចិនទេ ដូច្នេះហើយបានសម្លឹងរកមើលប្រភពការផ្គត់ផ្គង់គ្រាប់រំសេវដ៏មានសក្តានុពលផ្សេងទៀត។
ដំណើរទស្សនកិច្ចដែលគ្រោងទុកនោះ នឹងធ្វើឡើងខណៈរុស្ស៊ីពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។
កន្លងមក សហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចផ្តល់សព្វាវុធបន្ថែមទៀតដល់រុស្ស៊ី ដែលកងកម្លាំងរបស់ពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាសង្រ្គាមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំង ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕


