ខ្សែការពារក្រុមបិសាចក្រហម Manchester United, Eric Bailly បានសំរេចក្នុងការផ្លាស់ផ្លូវការទៅកាន់ក្លិបទួកគី Besiktas ហើយ។
កីឡាករជម្រើសជាតិកូឌីវ័រវ័យ ២៩ ឆ្នាំរូបនេះ មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Erik ten Hag ឡើយ និងបានចំណាយពេលពេញមួយរដូវកាលមុននៅក្លិបបារាំង Olympique Marseille។
Eric Bailly ជាកីឡាករដែលផ្ទេរមកកាន់ Manchester United ដំបូងបំផុតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Jose Mourinho ផ្លាស់ពី Villarreal នៅឆ្នាំ ២០១៦។

មកដល់ពេលនេះ Bailly បង្ហាញខ្លួនសរុបបាន ១១៣ លើក រកបាន ១ គ្រាប់ តែញាំញីដោយសាររបួស។
Eric Bailly ចូលលេងឱ្យ Man United ចុងក្រោយបំផុតក្នុងជ័យជំនះ ៣-១ លើ Burnley តាំងពីខែធ្នូឆ្នាំ ២០២១។
Eric Bailly បានក្លាយជាកីឡាករ Man United ទីពីរដែលផ្លាស់ទៅកាន់ទឹកដីទួកគីរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើប្រេស៊ីល Fred ផ្លាស់ទៅ Fenerbahce។
លីគកំពូលទួកគីនៅសល់ពេលដល់ថ្ងៃទី ១៥ ខែកញ្ញានេះដើម្បីទិញកីឡាករបន្ថែម។
Besiktas ចាប់ផ្តើមរដូវកាលថ្មីលីគកំពូលទួកគីបាន ៣ ប្រកួតឈ្នះ ២ ស្មើ ១ មិនដែលចាញ់ឈរលេខ ៤ ក្នុងតារាង៕ អត្ថបទ៖នាង សុភាវុធ
