ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) ប្រជាជនប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើការនាំចេញពីតំបន់កាហ្សា ដែលបានដាក់ ជុំវិញអ្វីដែលអ៊ីស្រាអែលហៅថា ការប៉ុនប៉ងរត់ពន្ធគ្រឿងផ្ទុះ ដោយនិយាយថា វានឹងប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញជីវភាពរស់នៅមិនច្បាស់លាស់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ខ្លួនកំពុងបញ្ឈប់ជាបណ្តោះអាសន្ននូវទំនិញពាណិជ្ជកម្មមិនឲ្យចេញពីតំបន់កាហ្សា បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញ «គ្រឿងផ្ទុះគុណភាពខ្ពស់» ជាច្រើនគីឡូក្រាមនៅក្នុងការដឹកជញ្ជូនមួយ ដែលលាក់នៅក្នុងស្រទាប់សម្លៀកបំពាក់។
ជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ រស់នៅក្នុងតំបន់កាហ្សាស្ទ្រីបតូចចង្អៀត ដែលភាគច្រើននៃពួកគេជាកូនចៅរបស់ជនភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីតំបន់ ដែលពេលនេះជាប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។
ការនាំចេញរបស់តំបន់កាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៣៤លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេស ប៊ែង នេះបើតាមក្រសួងសេដ្ឋកិច្ចរបស់តំបន់កាហ្សា៕

