ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល និងចែកអំណោយអង្ករ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងសហគមន៍ សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ចំនួន១១៣គ្រួសារ។
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍ សាមគ្គីរុងរឿង និងរស់នៅតាមខ្នងប្រឡាយ១០៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សរុប១១៣គ្រួសារ និងបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ អង្ករ មួយប៉ាវ។
ក្នុងឱកាសន លោក កៀង ល័ក្ស បានអរគុណដល់សមាជិកសមាជិការរបស់គណបក្សប្រជាជនទាំងអស់គ្នា ដែលបានចូលរួមទៅបោះឆ្នោតទាំងអស់គ្នា សម្រាប់នីតិកាលទី៧នេះ។ ជាពិសេសទៀតនោះ លោក អភិបាលបានណែនាំដល់បងប្រជាពលរដ្ឋទាំងអស់ជួយសហការរាយការណ៍ជូនអាជ្ញាធរ ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាក្មេងទំនើង ជាងដើម ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍បានទាន់ពេលវេលា។
ជាចុងក្រោយលោក កៀង ល័ក្ស អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងប្រឡាយ១០៥ សូមកុំនាំគ្នាចោលសំរាមចូលទៅក្នុងប្រឡាយ ត្រូវវិចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថានអនាម័យបានល្អប្រសើរទាំងអស់គ្នា៕ អត្ថបទ ៖ កុម្ភៈ







