ក្រុមជើងឯកក្លិបកំពូលអឺរ៉ុប UEFA Champions League, Manchester United នឹងត្រូវរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមឈ្នះរវាងជើងឯកអាមេរិកកណ្តាលក្លិបម៉ិកស៊ិក Club Leon រឺជើងឯកអាស៊ី AFC Champions League, Urawa Red Diamonds របស់ជប៉ុន បន្ទាប់ពីការចាប់ឆ្នោតថ្ងៃអង្គារម្សិលមិញ។
ការប្រកួតដែលនឹងរៀបចំនៅខែធ្នូនៅអារ៉ាប៊ីសាអ៊ូឌីត ក្រុមជើងឯកអាមេរិកខាងត្បូង Libertadores ដែលរកមិនទាន់ឃើញនៅឡើយ នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Al-Ittihad ជើងឯកអូសេអានី Auckland City របស់នូវែស៊ីឡង់ រឺជើងឯកអាហ្វ្រិក Al Ahly របស់អេស៊ីប។

ក្រុមម្ចាស់ផ្ទះ ដែលជាជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad នឹងបើកឆាកជួបជាមួយ Auckland City ហើយអ្នកឈ្នះនឹងឡើងជួបជាមួយ Al-Ahly។
Al-Ittihad ដែលចំណាយលុយច្រើនសន្ធឹកសន្ធាប់នាំយកកីឡាករល្បីៗពីអឺរ៉ុបដូចជា Karim Benzema ជាដើមនោះ សង្ឃឹមថានឹងអាចធ្វើបានដូច Al-Hilal ឆ្នាំមុន ដែលក្លាយជាក្លិបអារ៉ាប៊ីសាអ៊ូឌីតដំបូងឡើងដល់វគ្គផ្តាច់ព្រ័ត្រមុនពេលចាញ់ Real Madrid ដែលជាក្លិបជោគជ័យបំផុតនៅ FIFA Club World Cup ធ្លាប់ឈ្នះជើងឯក ៥ ដង។

សម្រាប់ឆ្នាំនេះ ៦ ក្រុមដែលចូលរួមសុទ្ធតែជាន់ជាមួយក្រុមដែលចូលរួមឆ្នាំមុនទាំងអស់ប្រសិនបើ Boca Junior អាចយកឈ្នះ Flamengo នៅវគ្គផ្តាច់ព្រ័ត្រ Copa Libertadores បាន។
FIFA Club World Cup នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូនៅកីឡដ្ឋានចំនួនពីរក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕ អត្ថបទ៖នាង សុភាវុធ
