សៀមរាប ៖ ក្រោយពីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ ជាអ្នកលក់ដូរកាហ្វេ នៅក្នុងផ្សារសាមគ្គីហ៊ុយគាំង ស្ថិតនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភានេះ អាជ្ញាធរខេត្ដសៀមរាប បានអំពាវឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ នឹងការចូលទៅក្នុងផ្សារនោះ ធ្វើទៅតេស្ដរកមេរោគកូវីដ-១៩ និងធ្វើចត្ដាឡីស័ក តាមផ្ទះដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នេះ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា នៅក្នុងផ្សារនោះ មានអាជីវក ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់ បានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ព្រោះពួកគាត់ទៅរកទិញកាហ្វេ ឬពិសាកាហ្វេរបស់ស្ដ្រីម្នាក់ដែលមានឈ្មោះ ស៊ុ សុធា ជាអាជីវករលក់ដូរកាហ្វេនៅក្នុងផ្សារនោះ ។ជាមួយគ្នានោះ អ្នកវិជ្ជមានកូវីដ១៩រូបនេះ ក៏បានដើរលក់កាហ្វេនៅកន្លែងផ្សេងៗជាច្រើនកន្លែងទៀត ព្រោះគាត់ជាអ្នកផ្គត់ផ្គង់ ក៏ដូចជាអ្នកបោះដុំកាហ្វេ ដែលអាចធ្វើអោយអាជ្ញាធរព្រួយបារម្ភមានការជាប់ពាក់ព័ន្ធច្រើននាក់។លោក បានបន្ដថា នៅថ្ងៃទី២៦ ខែឧសភានេះ ក្រុមគ្រូពេទ្យបានយកសំណាក់ធ្វើតេស្ដ ក្រុមអាជីវករ នៅខាងមុខផ្សារជាច្រើនរយនាក់ ប៉ុន្ដែមិនទាន់ដឹងថា មានការឆ្លងនៅឡើយ ទេ ព្រោះជាការធ្វើតេស្ដលើកទី១។លោក ថ្លែងថា បើតាមការស្រង់ចំនួនអ្នកលក់ដូរនៅក្នុងផ្សារនោះ មានអាជីវករលក់ដូរប្រមាណជាង៦០០តូប ហើយខ្លះទៀតប្រជាពលរដ្ឋពួកគាត់ក៏បានចូលទៅផ្សារ និងទៅកន្លែងលក់កាហ្វេនោះដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែឧសភានេះ អាជ្ញាធរខេត្ដសៀមរាប បានសម្រេចបិទការចេញចូល ផ្សារសាមគ្គីហ៊ុយគាំងង ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរខេត្ដនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មកពីរាជធានីភ្នំពេញ នៅក្នុងផ្សារនោះ។ស្ដ្រីវិជ្ជមានកូវីដ-១៩រូបនោះ មកពីរាជធានីភ្នំពេញ ក្នុងតំបន់លឿងទំ ហើយបច្ចុប្បន្ននេះ កំពុងមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ។រដ្ឋបាល ខេត្ដសៀមរាប ក៏បានអំពាវឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ នឹងការចូលទៅក្នុងផ្សារនោះ ធ្វើទៅតេស្ដរកមេរោគកូវីដ-១៩ និងធ្វើចត្ដាឡីស័ក តាមផ្ទះដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នេះ៕
អត្ថបទ ៖ សាវី


