មីយ៉ាន់ម៉ា ៖ អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ទាមទារការថែទាំសុខភាពជាបន្ទាន់នៅក្នុងពន្ធនាគារ បន្ទាប់ពីលោកស្រីមានអាការៈ «ក្អួតចង្អោ និងវិលមុខធ្ងន់ធ្ងរ» ប៉ុន្តែត្រូវបានបដិសេធមិនផ្ដល់ព្យាបាលដោយរបបសឹក ដែលបានបង្ខំលោកស្រីចេញពីអំណាច នេះបើយោងតាមកូនប្រុសសញ្ជាតិអង់គ្លេសរបស់លោកស្រី ស៊ូជី។
ការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់អតីតមេដឹកនាំប្រជាធិបតេយ្យមីយ៉ានម៉ារូបនេះ កាន់តែកើនឡើងខ្លាំង ខណៈដែលលោកស្រីត្រូវបានគេរាយការណ៍ថា ត្រូវបានទុកចោលក្នុងការឈឺចាប់ធ្ងន់ធ្ងរ ដោយសារជំងឺអញ្ចាញធ្មេញ ដែលបញ្ហាឲ្យលោកស្រីមិនអាចបរិភោគអ្វីបាននោះទេ។
យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា ក្រុមអាជ្ញាធរពន្ធនាគារបានធ្វើសំណើសុំការថែទាំឯកជនសម្រាប់អតីតមេដឹកនាំវ័យ៧៨ឆ្នាំរូបនេះ ប៉ុន្តែត្រូវបានបដិសេធ។ កូនប្រុសពៅរបស់លោកស្រី ស៊ូជី ដែលរស់នៅក្នុងទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស ឥឡូវនេះបានស្នើសុំបណ្ដាមេដឹកនាំយោធា ឱ្យអនុញ្ញាតឱ្យម្តាយរបស់ខ្លួនដែលមានជំងឺ មកទទួលការព្យាបាល។ លោក គីម អារីស វ័យ៤៦ឆ្នាំ បានថ្កោលទោសក្រុមអាជ្ញាធរយោធាដោយនិយាយថា «ការបដិសេធអ្នកទោសមានជំងឺ ក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្តដែលត្រូវបានណែនាំ គឺជាសកម្មភាពដ៏សាហាវ និងឃោរឃៅយ៉ាងខ្លាំង។
លោក អារីស ចង់ឱ្យម្តាយរបស់ខ្លួនត្រលប់ទៅលំនៅឋាននៅទីក្រុង Yangon ធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា វិញ។ លោកបានហៅការសម្រេចរបស់មេដឹកនាំយោធា ក្នុងការទុកម្តាយរបស់លោកនៅក្នុងពន្ធនាគារ ខណៈដែលលោកស្រីកំពុងមានសុខភាពខ្សោយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Independent ថា ជារឿងដ៏អាក្រក់។ លោកឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បានគ្រប់គ្រងប្រទេសនេះ ចាប់តាំងពីការទម្លាក់លោកស្រី ស៊ូជី និងការចាប់ខ្លួនក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក៕

