ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា របៀបវារៈនៃវេទិការសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មានលទ្ធភាពបន្ស៊ីគ្នា។
ថ្លែងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចពិតជាមានសេចក្តី ត្រេកអរ ដែលលោកសាស្រ្តាចារ្យបានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្ដី លើកឡើង អំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ។
ក្នុងឱកាសនោះដែរសម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជាទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជានៅក្នុងបរិការណ៍ដ៏លំបាក និង មិនច្បាស់លាស់កន្លងមកនេះ។
តាមរយៈជំនួបទ្វេភាគីនេះដែរលោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកសាស្រ្តាចារ្យបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះលោកសាស្រ្តាចារ្យ ក៏បានគោរពអញ្ជើញ សម្តេចធិបតីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះផងដែរ៕អត្ថបទបាន ចក់






