ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានបញ្ជាក់ថាឯកឧត្តមឯកអគ្គរាជទូតជប៉ុន គឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី ភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះគឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។
ក្នុងជំនួបនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់ក្នុងវិស័យព័ត៌មានរបស់ប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។
ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អំពីការដាក់ចុះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សានិងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។
ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថាក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារ និងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះជប៉ុនដែលបានគាំទ្រ និងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយឯកឧត្តមបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ៕ ដោយ ៖ ដារ៉ា