ភ្នំពេញ ៖ អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលអនុម័តកាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ ត្រូវបានចូលជាធរមាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ ដើម្បីត្រួតពិនិត្យតាមដាន និងវាយតម្លៃលើផលប៉ះពាល់ចំពោះការប្រកួតប្រជែងដែលមិនស្មោះត្រង់ និងមានលក្ខណៈផ្តាច់មុខ ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកប្រើប្រាស់។
ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា អនុក្រឹត្យនេះមានគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ចំពោះការប្រកួតប្រជែង ដែលអាចកើតមានឡើងតាមរយៈការរួមបញ្ចូលគ្នានៃធុរកិច្ច ព្រមទាំងរារាំងរាល់ការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមិនអនុលោម និងអាចបំពានបទប្បញ្ញត្តិជាធរមាន។
ឯកឧត្តម លើកឡើងថា“អនុក្រឹត្យនេះគ្រប់គ្រងបានចំពោះក្រុមហ៊ុន ដែលមុននឹងរួមបញ្ចូលគ្នាគាត់ត្រូវដាក់ពាក្យស្នើសុំនូវអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអាចគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាធ្វើការវាយតម្លៃ ថាតើគួរអនុញ្ញាត ឬមិនអនុញ្ញាត ព្រោះទម្រង់នៃការបញ្ចូលគ្នាធុរកិច្ច ជួនកាលគាត់បង្កើតទៅជាភាពផ្តាច់មុខ ជួនកាលបង្កើតទៅជា ឬហៅថា គ្របដណ្តប់លើទីផ្សារតែឯងដែលគាត់មានទំហំភាគហ៊ុនធំ គាត់អាចកំណត់ថ្លៃបានតាមចិត្តរបស់គាត់។ ញ្ចឹងនៅពេលដែល មុននឹងអនុញ្ញាត គាត់ត្រូវស្នើមក ក.ប.ប ដើម្បីឲ្យគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ធ្វើការវាយតម្លៃ បើគាត់រួមបញ្ចូលគ្នាធ្វើធុរកិច្ច ឬក៏ជាការចូលរួមរកស៊ីជាមួយគ្នា ឬក៏ការទិញទ្រព្យសម្បត្តិណាមួយ ហើយបង្កើតចរិក ២នេះ ដែលកាត់បន្ថយការប្រកួតប្រជែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ញ្ចឹងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា នឹងមិនអនុញ្ញាតទេ”។ ឯកឧត្តម បានបន្ថែមថា “ការធ្វើបែបនោះ គឺដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញបានចែង គឺថាត្រូវប្រកួតប្រជែងគ្នាដោយធមធម៌ និងយុត្តិធម៌ ហើយឈរលើប្រសិទ្ធិភាពសេដ្ឋកិច្ច ការពារបានផលប្រយោជន៍អ្នកប្រើប្រាស់ មានន័យថាទំនិញថោក អ្នកប្រើប្រាស់មានជំរើសច្រើន ហើយនិងទទួលនូវប្រសិទ្ធិភាពផ្នែកសេដ្ឋកិច្ច។
ក្នុងសេចក្តីជូនដំណឹងស្តីពី ការចូលជាធរមាននៃអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈអនុក្រឹត្យនេះ កាតព្វកិច្ចសំខាន់ៗពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ចចំនួន៣ រួមមាន៖ ១.ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ២.ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង៣.ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។ លក្ខខណ្ឌនិងនីតិវិធីការជូនដំណឹងនិងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច ត្រូវអនុលោមតាមសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ចប្រកាសស្តីពីនីតិវិធីនៃការជូនដំណឹងជាក្រោយនៃការរួមបញ្ចូលគ្នានៃធុរកិច្ច និងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ចដែលត្រូវជូនដំណឹងជាមុន៕ ដោយ ៖ បូរ៉ាវី



