អារ៉ាប៊ីសាអ៊ូឌីត ៖ ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំនៅប្រទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ប្រទេសសាធារណរដ្ឋអ៊ីស្លាម កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ហើយសមភាគីរបស់លោក បានទៅដល់ទីក្រុងរីយ៉ាដ ដោយការធ្វើដំណើរទៅវិញទៅមកពីសំណាក់ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២ បានពង្រឹងដល់ការស្តារឡើងវិញនូវទំនាក់ទំនង រវាងប្រទេសគូប្រជែងតំបន់ឈូងសមុទ្រ បន្ទាប់ពីមានការបែកបាក់ ក្នុងទំនាក់ទំនងអស់រយៈពេល ៧ឆ្នាំ។
អ៊ីរ៉ង់ ដែលភាគច្រើនកាន់និកាយស៊ីអ៊ីត និងអារ៉ាប៊ីសាអ៊ូឌីតម៉ូស្លីមនិកាយស៊ុននី បានយល់ព្រម ចាប់ផ្ដើមទំនាក់ទំនងការទូត និងបើកស្ថានទូតរៀងៗខ្លួនឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយប្រទេសចិន បានប្រកាសឡើង កាលពីខែមីនា។
ទីក្រុងរីយ៉ាដ និងក្រុងតេអេរ៉ង់ បានកាត់ផ្តាច់ទំនាក់ទំនងគ្នា ក្នុងឆ្នាំ២០១៦ បន្ទាប់ពីបេសកកម្មការទូតអារ៉ាប៊ីសាអ៊ូឌីត នៅអ៊ីរ៉ង់ ត្រូវបានវាយប្រហារ អំឡុងពេលមានតវ៉ា ជុំវិញការប្រហារជីវិតរបស់បព្វជិតនិកាយស៊ីអ៊ីត លោក Nimr al-Nimr នៅទីក្រុងរីយ៉ាដ។
យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ឯកអគ្គរដ្ឋទូត លោក Abdullah Alanazi បាននិយាយនៅពេលទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីបំពេញតួនាទីរបស់លោកថា ភាពជាអ្នកដឹកនាំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលស្គាល់ «សារៈសំខាន់នៃការពង្រឹងទំនាក់ទំនង ការបង្កើនការចូលរួម និងការទទួលយក (ទំនាក់ទំនង) ទៅកាន់ចំណុចដ៏ទូលំទូលាយ»។
រីឯទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃអង្គារនោះផងដែរ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត លោក Alireza Enayati បានទៅដល់រដ្ឋធានីរីយ៉ាដ ជាកន្លែងដែលរូបលោកត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងបុគ្គលិកស្ថានទូត៕

