ជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា ព្រះរាជអាជ្ញា ក្នុងប្រទេសជប៉ុន បានចោទប្រកាន់បុរសវ័យ ២៤ ឆ្នាំម្នាក់ នៅថ្ងៃពុធ (ទី៦ ខែកញ្ញា) នេះ ពីបទប៉ុនប៉ងមនុស្សឃាត និងការចោទប្រកាន់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយគ្រឿងផ្ទុះលើនាយករដ្ឋមន្ត្រី លោក Fumio Kishida កាលពីខែមេសា។
នៅពេលលោក Kishida កំពុងធ្វើយុទ្ធនាការបោះឆ្នោត នៅទីក្រុង Wakayama ភាគខាងលិចប្រទេសជប៉ុន ស្រាប់តែមានបុរសម្នាក់ បានគប់គ្រាប់បែកបំពង់ធ្វើនៅផ្ទះ សំដៅលើរូបលោក។ ក្នុងហេតុការណ៍នោះ លោក Kishida មិនមានរងរបួសអ្វីទេ ប៉ុន្តែមនុស្ស ២នាក់ផ្សេង មានរបួសស្រាល។
ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន បានរាយការណ៍ថា បន្ទាប់ពីមានការវាយតម្លៃពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត រយៈពេល ៣ខែ លើជនសង្ស័យ ព្រះរាជអាជ្ញា បានកំណត់ថា លោក Ryuji Kimura វ័យ ២៤ឆ្នាំ មានសតិសម្បជញ្ញៈគ្រប់គ្រាន់សម្រាប់ការឡើងសវនាការ ហើយគ្រាប់បែក ដែលប្រើប្រាស់ ក្នុងការវាយប្រហារ គឺជាគ្រឿងផ្ទុះ ដែលអាចបណ្ដាលឲ្យមានការបាត់បង់ជីវិតបាន។
សារព័ត៌មាន Kyodo ដដែល បានបន្ថែមថា កំណត់ហេតុរបស់តុលាការ បង្ហាញថា លោក Kimura អាចនឹងខឹងសម្បា ដោយសារតែលោកមិនអាចដាក់ពាក្យសុំបេក្ខភាព ក្នុងការបោះឆ្នោត កាលពីឆ្នាំមុន។ ការវាយប្រហារនេះ បានកើតឡើងប្រហែល ១ឆ្នាំ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ត្រូវបានបាញ់សម្លាប់ ពេលកំពុងឃោសនាបោះឆ្នោត៕

