អូស្ត្រាលី ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងសមភាគីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃពុធ (ទី៦ ខែកញ្ញា)នេះថា ពួកគេ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មេដឹកនាំទាំងពីរ បាននិយាយនៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅខាងក្រៅវេទិការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
លោក Kishida និង Albanese ស្ថិតក្នុងចំណោមក្រុមមេដឹកនាំពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និង លោកនាយករដ្ឋមន្ត្រីចិន Li Qiang ដែលនឹងចូលរួមក្នុងវេទិកា និងកិច្ចប្រជុំ នៅសប្តាហ៍នេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ។
កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសចិនបានចេញផ្សាយផែនទីខ្សែបន្ទាត់១០ចំណុច (10-dash line) ដែលបង្ហាញពីការអះអាងរបស់ខ្លួនចំពោះផ្នែកដ៏ធំទូលាយនៃសមុទ្រចិនខាងត្បូង ដែលទំនងជានឹងបន្ថែមភាពបន្ទាន់ដល់ការចរចាស្តីពីក្រមប្រតិបត្តិដែលពន្យារពេលយូរ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។

