មីយ៉ាន់ម៉ា ៖ មន្ត្រីមកពីគណបក្សនយោបាយ ដែលត្រូវបានដាក់ទណ្ឌកម្មដោយពួកយោធា បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ថា របបយោធាមីយ៉ាន់ម៉ា ប្រហែលជានឹងរៀបចំការបោះឆ្នោត នៅឆ្នាំ២០២៥។
សមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ ដែលគាំទ្រដោយរបបយោធា បានប្រាប់សារព័ត៌មាន AFP ថា៖ «ការបោះឆ្នោត ប្រហែលជានឹងធ្វើឡើង នៅឆ្នាំ២០២៥» ហើយសមាជិកនៃគណបក្សមួយទៀត ដែលទទួលបានការអនុម័តពីពួកយោធា បានបញ្ជាក់ពីព័ត៌មាននេះ។
គណកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវបានកំណត់ដោយរបបយោធា បានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារថា គណបក្សនយោបាយចំនួន៣៦ បានទទួលការអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោត នាពេលខាងមុខ តែគណៈកម្មាធិការនេះ មិនបានផ្តល់កាលបរិច្ឆេទថា តើពួកគេនឹងរៀបចំនៅពេលណានោះទេ។
សារព័ត៌មានគាំទ្រដោយរដ្ឋ Global New Light of Myanmar បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា មេដឹកនាំរបបយោធាលោក Min Aung Hlaing បានអំពាវនាវឲ្យមាន «ការត្រៀមលក្ខណៈចាំបាច់» នានា ដែលត្រូវធ្វើឲ្យរួចរាល់ នៅមុនជំរឿនជាតិ នៅឆ្នាំ២០២៤។ សារព័ត៌មាននោះ បានបន្ថែមថា ការបោះឆ្នោតអាចកើតឡើងបាន លុះត្រាតែការធ្វើជំរឿន ត្រូវបានបញ្ចប់សព្វគ្រប់។
សហរដ្ឋអាមេរិក បាននិយាយថា ការបោះឆ្នោតណាមួយក្រោមរបបយោធា នឹងមានការក្លែងបន្លំ ហើយអ្នកវិភាគ លើកឡើងថា ការបោះឆ្នោតនោះ នឹងត្រូវបានកំណត់គោលដៅ ដោយគូប្រជែងរបស់របបសឹកនេះ។
ពួកយោធារបស់សហភាពមីយ៉ាន់ម៉ា បាននិយាយការពាររដ្ឋប្រហារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ របស់ខ្លួនជាមួយនឹងការអះអាងមិនមានមូលដ្ឋានច្បាស់លាស់ថា មានការក្លែងបន្លំយ៉ាងទូលំទូលាយ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ទទួលជ័យជម្នះយ៉ាងលើសលប់៕

