ភ្នំពេញ៖ សម្តេចធិបតី និងព្រះចៅ ស៊ុលតង់ បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។
ប្រទេសទាំងពីរបានប្រកាសឯកភាពគ្នាបែបនេះ ក្នុងជំនួបសម្ដែងការគួរសមរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និងបានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រថ្វាយជូនចំពោះព្រះចៅស៊ុលតង់ផងដែរ។
សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាពនៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។
ជាកិច្ចឆ្លើយតប, ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និងសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅក្នុងជំនួបនេះ, សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្មក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ជាកិច្ចបញ្ចប់, ព្រះចៅស៊ុលតង់ បានអញ្ជើញ សម្តេចធិបតី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ ។ សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និងបានអញ្ជើញព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត ៕


