ភ្នំពេញ៖ សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ថ្ងៃទី ៣១ សីហា នេះ បានបញ្ចេញឥណទានមានទំហំជាង ៥៤ លានដុល្លារអាមេរិក ដោយបានគាំទ្រដល់សហគ្រាសចំនួន ៣៥០ សម្រាប់ការពង្រីកអាជីវកម្មក្នុងវិស័យទេសចរណ៍។
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហាញវឌ្ឍនភាពគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគ្រាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ឲ្យបានរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន នៃគម្រោងត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល។
សហគ្រាសកំពុងទទួលបានឥណទានសម្រាប់ការពង្រីកអាជីវកម្មរួមមាន៖ អាជីវកម្មសណ្ឋាគារ ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ, អាជីវកម្មគាំទ្រវិស័យទេសចរណ៍ ១៥ ភាគរយ, និងសហគ្រិនស្រ្តី ៤១ ភាគរយ ។
សូមបញ្ជាក់ថា គម្រោង សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរ ដោយបង្កើតគម្រោងសហហិរញ្ញប្បទាននេះឡើង ដើម្បីផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្មដែលរងនូវផលប៉ះពាល់ ដោយបានសម្រេចផ្តល់ការប្រាក់អតិបរមា ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចីក្នុងទំហំអតិបរមា ៦០ ម៉ឺនដុល្លារ មានរយៈពេលអនុគ្រោះប្រាក់ដើមរហូតដល់ ២៤ ខែ និងមានរយៈពេលកម្ចីឥណទានរហូតដល់ ៨ឆ្នាំ៕អត្ថបទ៖ សុន រ៉ាឌី




