កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសប៉ាពួ ញូវហ្គីណេ បានបើកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងហ៊្សេរុយសាឡឹម ដើម្បីក្លាយជាប្រទេសទី ៥ប៉ុណ្ណោះ ដែលមានបេសកកម្មការទូតពេញលេញនៅក្នុងទីក្រុងមួយនេះ ដែលស្ថានការរបស់វាស្ថិតក្នុងចំណោមបញ្ហាដ៏រសើបបំផុតនៅតំបន់មជ្ឈិមបូព៌ា។
បេសកកម្មរបស់ប្រទេសនៅក្នុងសមុទ្រប៉ាស៊ីហ្វិកមួយនេះ នឹងចូលរួមជាមួយស្ថានទូតមកពីសហរដ្ឋអាមេរិក កូសូវ៉ូ ហ្គ័រតេម៉ាឡា និងប្រទេសហុងឌុយរ៉ាស់ នៅក្នុងទីក្រុងហ៊្សេរុយសាឡឹម ស្របពេលដែលប្រទេសភាគច្រើន នៅតែរក្សាការតំណាងការទូតរបស់ពួកគេនៅក្នុងទីក្រុងតែល អាវីវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីស្រាអែល។
ស្របពេលដែលអ៊ីស្រាអែលចាត់ទុកទីក្រុងហ៊្សេរុយសាឡឹម ជារដ្ឋធានីផ្លូវការរបស់ខ្លួន និងចង់ឲ្យស្ថានទូតទាំងអស់ផ្លាស់មូលដ្ឋានទៅទីនោះ ប្រទេសភាគច្រើននៅលើពិភពលោក ពុំទទួលស្គាល់អធិបតេយ្យភាពទឹកដីរបស់អ៊ីស្រាអែលមួយនេះឡើយ ដោយពួកគេមានជំនឿថា ស្ថានការរបស់វាគួរតែដោះស្រាយតាមរយៈការចរចា។
ជនប៉ាឡេស្ទីន ចង់បានរដ្ឋធានីមួយនេះជារដ្ឋឯករាជ្យនាពេលរបស់ពួកគេ គឺជារដ្ឋធានីមួយដែលអ៊ីស្រាអែល បានដណ្តើមយកនៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីឆ្នាំ ១៩៦៧ ហើយនិងបានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងចំណាត់ការមួយដែលពុំត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសប៉ាពួ ញូវហ្គីណេ ដែលកាន់កាប់តំបន់ពាក់កណ្តាលនៅភាគខាងកើតកោះញូវហ្គីណេស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិចនោះ មាននូវធនធាតរ៉ែ និងកសិកម្ម ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយអ៊ីស្រាអែល មានតម្លៃត្រឹមតែ ១លានដុល្លារប៉ុណ្ណោះ ក្នុង១ឆ្នាំ៕