ស៊ីរី៖ កាលពីថ្ងៃពុធម្សិលមិញ មនុស្សរាប់ពាន់នាក់បាននាំគ្នាទៅកាន់តាមដងផ្លូវនានា នៃទីក្រុងអ៊ីតលីបដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ជាការជួបជុំធំប្រឆាំងនឹងការបោះឆ្នោតប្រធានាធិបតីស៊ីរី។ ការបោះឆ្នោតបានចាប់ផ្ដើមនៅក្នុងតំបន់នានា គ្រប់គ្រងដោយរដ្ឋាភិបាល ដែលរងការហែកហួរដោយសង្គ្រាមកាលពីព្រឹកថ្ងៃពុធ ជាការបោះឆ្នោតដែលនឹងជួយឲ្យលោកប្រធានាធិបតី Bashar Assad កាន់កាប់អំណាចអាណត្តិទី៤ រយៈពេល ៧ឆ្នាំបន្តទៀត។
ការបោះឆ្នោតនេះគឺជាការបោះឆ្នោតប្រធានាធិបតីលើកទី២ ចាប់តាំងពីជម្លោះក្នុងប្រទេសនេះបានចាប់ផ្ដើម ១០ឆ្នាំកន្លងទៅ និងត្រូវបានទាត់ចោលដោយក្រុមប្រឆាំង និងបណ្ដាប្រទេសលោកខាងលិច។ ហ្វូងមនុស្សបានស្រែកស្រុះៗគ្នាប្រឆាំងនឹងលោក Assad និងរម្លឹកពាក្យស្លោកដែលបានប្រើកាលពីប៉ុន្មានថ្ងៃមុន នៃការបះបោរប្រឆាំងនឹងរូបលោក។ ការជួបជុំនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោត ដែលក្រុមអ្នកតវ៉ាបានហៅថា មិនយុត្តិធម៌ និងមិនស្របច្បាប់៕
អត្ថបទ៖ សុខមាន