
ប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងទីក្រុងញំាញីដោយភ្លើងសង្រ្គាម Omdurman របស់ប្រទេសស៊ូដង់ បានតម្រង់ជួរគ្នារង់ចាំទទួលស្បៀងអាហារ រយៈពេល ៥ខែ ចាប់តាំងពីជម្លោះបានផ្ទុះឡើងដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ពិបាកឈានដល់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។
ប្រជាពលរដ្ឋទាំងអស់នេះ បានជាប់ខ្លួននៅក្នុងសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)។
អ្នកស្រី Elweya គឺជាអ្នកស្រុកចូលនិវត្តន៍មួយរូប និយាយថា អ្នកស្រីពុំទទួលបានសោធននិវត្តន៍នោះទេ ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមេសា។
អ្នកស្រីបន្តថា ពួកយើងគ្មានលុយទិញនំបុ័ងនោះទេ ហើយការងារផ្តល់ជំនួយរបស់ពួកគេ ពួកយើងមានការកោតសរសើរខ្លាំងណាស់។
ក្រុមស្ម័គ្រចិត្តនិយាយថា ពួកគេទទួលបានមនុស្សជិត ៣០០នាក់ក្នុង១ថ្ងៃ ប៉ុន្តែសមត្ថភាពចំអិនអាហារមានដែនកំណត់ ដោយសារតែការផ្គត់ផ្គង់ស្បៀងថយចុះ។
ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានី Omdurman បានធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ស្របពេលដែលផ្សារ និងរោងចក្រ រងការបំផ្លិចបំផ្លាញ ឬត្រូវបានគេលួចទំនិញ។
អង្គការអន្តោប្រវេសន៍អន្តរជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជិត ៧,១លាននាក់ បានរត់ភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ក្នុងនោះជាងពាក់កណ្តាលនៃពួកគេ ត្រូវបានជម្លៀសថ្មី ដោយសារតែសង្រ្គាមចាប់ផ្តើមផ្ទុះឡើងកាលពីខែមេសា៕