ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី ១៧ - ២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ថា សម្រាប់វេទិកាយុវជនលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ - ២០ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានយុវជន ៣នាក់ មកពីសមាគមជាតិនីមួយៗ។ សម្រាប់កាកបាទក្រហមកម្ពុជា បានចាត់យុវជន ១០នាក់ ចូលរួម ជាប្រតិភូ និងយុវជន ១០នាក់ទៀត ចូលរួមអនុវត្តជាអ្នកសម្របសម្រួលការងារជូនគណៈប្រតិភូ។ វេទិកាយុវជននេះធ្វើឡើងក្នុងគោលបំណង បំប៉នចំណេះដឹងស្តីពីការងារមនុស្សធម៌ដល់យុវជន រួមទាំងកសាងសមត្ថភាពយុវជន ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ យុវជនទាំងអស់ក៏នឹងបន្តចូលរួមក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។
កម្មវិធីបន្តពីវេទិកាយុវជនលើកទី២ គឺកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ - ២២ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានគណៈប្រតិភូមកពីសមាគមជាតិទាំង ១១ ប្រទេស ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយ ប្រធានសមាគមជាតិមានចំនួន៦ និងដឹកនាំដោយអគ្គលេខាធិការមានចំនួន៥។ កិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សារវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំភូមិភាគ អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជនកាកបាទក្រហម ដើម្បីអនាគត កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌» ។
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងពិនិត្យពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេច និងការប្តេជ្ញាចិត្តរួមគ្នាកាលឆ្នាំ ២០២២ និងបន្តពិភាក្សាស្វែងរកដំណោះស្រាយថ្មីៗ លើបញ្ហាប្រឈមនានាដែលកើតមានជាបន្តបន្ទាប់ដូចជាបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាព នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងនៅលើសកលលោកទៅតាមរបៀបវារៈខ្លឹមសារ នៃសម័យប្រជុំចំនួន១០ ។ ក្រោយកិច្ចប្រជុំបញ្ចប់នឹងចេញជាសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងចូលរួមជាអធិបតីក្នុងកម្មវិធីសំខាន់ៗជាច្រើននៃរបៀបវារៈដែលបានរៀបចំ។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នេះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទទួលខុសត្រូវទាំងអស់លើការចំណាយថ្លៃម្ហូប និងកន្លែងស្នាក់ ចំពោះគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្ងៃនោះផងដែរ។ នេះគឺជាទឹកចិត្តដ៏ប្រពៃក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា៕ អត្ថបទ៖ ចេន សុជាតា
