
កាលពីថ្ងៃអង្គារម្សិលមិញ ប្រមុខអង្គការសហប្រជាជាតិ(UN)លោក António Guterres បាននិយាយប្រាប់គណប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុអាហ្វ្រិកដែលរៀបចំឡើងនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា ប្រទេសអភិវឌ្ឍន៍ ត្រូវតែទទួលខុសត្រូវចំពោះការរួមចំណែករបស់ពួកគេចំពោះការឡើងសីតុណ្ហភាពសកល ដែលបណ្តាលឲ្យមានវិបត្តិអាកាសធាតុ ។
លោក Guterres បានអំពាវនាវផងដែរឲ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលត្រូវបានគេមើលឃើញថាជាដើមចមនាំឲ្យកើតមានការឡើងកម្តៅផែនដី ធ្វើឲ្យអាហ្វ្រិកកើតមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការធ្លាក់ភ្លៀងមិនទៀងទាត់ ។ លោកថា នេះហើយបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់នៅអាហ្វ្រិក ។
លោក Guterres បន្តថា ប្រទេសទាំងអស់នេះ ត្រូវតែប្រតិបត្តិការមូលនិធិសម្រាប់ការបាត់បង់ និងការខូចខាតដែលត្រូវបានស្នើសុំនៅកិច្ចប្រជុំ COP28 ក្នុងឆ្នាំនេះ ។
លោកបាននិយាយទៀតថា ប្រទេសអភិវឌ្ឍន៍ ត្រូវតែបង្ហាញផែនទីផ្លូវច្បាស់លាស់ និងគួរឲ្យទុកចិត្ត ដើម្បីបង្កើនហិរញ្ញវត្ថុអាកាសធាតុ នៅឆ្នាំ ២០២៥ខាងមុខនេះ ដែលជាជំហានដំបូងឆ្ពោះទៅការរួមចំណែកយ៉ាងហោចណាស់ប្រហែលពាក់កណ្តាលនៃហិរញ្ញវត្ថុអាកាសធាតុទាំងអស់ ។
លោក Guterres បញ្ជាក់ទៀតថា ពួកគេត្រូវតែរក្សាពាក្យសន្យារបស់ខ្លួនក្នុងការផ្តល់ប្រាក់ ១០០លានដុល្លារក្នុង ១ឆ្នាំ ដល់ប្រទេសកំពុងអភិវឌ្ឍ សម្រាប់ការគាំទ្រអាកាសធាតុ ហើយនិងបំពេញបន្ថែមទាំងស្រុងមូលនិធិអាកាសធាតុបៃតង ៕