
លោក Mohammad Naeem បង្ហាញពីអារម្មណ៍ខឹងសម្បាររបស់លោក ពេលដែលលោកបង្ហាញវិក្កយបត្របង់ថ្លៃអគ្គិសនីរបស់លោកស្មើនឹងប្រាក់ឈ្នួលដែលលោកខំធ្វើការពេញមួយខែនោះ ។
បុរសវ័យ ៤៧ឆ្នាំម្នាក់នេះ ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋរាប់រយនាក់ទៀតនៅទូទាំប្រទេសប៉ាគីស្ថាន នាំគ្នាតវ៉ាចំពោះការឡើងថ្លៃអគ្គិសនីរបស់ពួកគេកាលពីខែសីហា ដោយសារតែពន្ធឡើងថ្លៃ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងអតិផរណាខ្ពស់ ក្រោយទទួលបានប្រាក់កម្ចី ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីពេលថ្មីៗនេះ ។
លោក Naeem និយាយពេលលោកដុតច្បាប់ចម្លងវិក្កយបត្រអគ្គិសនីរបស់លោកថា ពួកគេបានបំប៉ោងវិក្កយបត្រលើសច្រើនណាស់ តើឲ្យមនុស្សក្រីក្រដូចជារូបលោកបង់ប្រាក់បានយ៉ាងម៉េចកើត ?។ អ្នករកប្រាក់បានត្រឹមតែពី ៨១ដុល្លារ ទៅ ៩៨ដុល្លារប៉ុណ្ណោះ ក្នុង១ខែ ហើយអ្នកត្រូវបង់វិក្កយបត្រអគ្គិសនី ៧៨ដុល្លារទៅហើយ ។ តើឲ្យខ្ញុំបង់យ៉ាងម៉េចកើត ? នោះហើយគឺជាមូលហេតុដែលខ្ញុំមកទីនេះ មកទីក្រុងការ៉ាឈី ដើម្បីតវ៉ា ។
លោក Naeem បានបន្តទៀតថា លោកក៏គ្មានប្រាក់បង់ថ្លៃវិក្កយបត្រអគ្គិសនីកាលពីខែសីហាដែរ ពេលដែលមានតម្លៃរហូតដល់ ៨០ដុល្លារ ពោលគឺជិតស្មើនឹងប្រាក់ឈ្នួលដែលលោកខំធ្វើការពេញមួយខែ ៩៨ដុល្លារ ។ លោកធ្លាប់តែបង់ថ្លៃអគ្គិសនីប្រហែល ៥៥ដុល្លារប៉ុណ្ណោះ ក្នុង១ខែ ហើយកាលពីខែកក្កដា ថ្លៃអគ្គិសនីរបស់លោក បានធ្លាក់រហូតដល់ ២៩ដុល្លារ ៕