
នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃលោក Srettha Thavisin កាលពីថ្ងៃអង្គារម្សិលមិញ បានសន្យាធ្វើឲ្យមានរដ្ឋាភិបាលរបស់ប្រជាជន បន្ទាប់ពីពិធីស្បថចូលកាន់តំណែងជាមួយរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងរដ្ឋាភិបាលចម្រុះបង្កើតឡើងដោយ ១១គណបក្ស។
លោក Srettha ដែលគណបក្ស Pheu Thaiរបស់លោកដឹកនាំរដ្ឋាភិបាលចម្រុះនោះ ហើយនិងរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តី ៣៣រូប បានសន្យានូវភាពស្មោះត្រង់របស់ពួកគេចំពោះរបបរាជានិយម អំឡុងពិធីរៀបចំឡើងនៅព្រះបរមរាជវាំងឌុសិត ស្ថិតក្នុងទីក្រុងបាងកក មុនពេលឈរថតរូបសម្រាប់សារព័ត៌មាន។
គួរឲ្យដឹងថា លោក Srettha បានឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃកាលពីខែមុន ហើយគណៈរដ្ឋមន្រ្តីរបស់លោក ត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ។
លោក Srettha វ័យ ៦១ឆ្នាំ ដែលជាមហាសេដ្ឋីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក និងជាអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យប្រណីត Sansiri និយាយថា រដ្ឋបាលរបស់លោកនឹងផ្តោតសំខាន់លើការលើកឡើងពីតម្រូវការរបស់ប្រជាជន។
លោកនិយាយថា លោកសូមនិយាយយ៉ាងទទួចថា រដ្ឋាភិបាលមួយនេះ គឺជារដ្ឋាភិបាលរបស់ប្រជាជន ។ ពួកយើងទាំងអស់គ្នានៅទីនេះ ដើម្បីតំណាងឲ្យប្រជាជន។
លោក Sretthaបន្តថា មាននូវបញ្ហាជាច្រើនដែលពួកយើងនឹងត្រូវធ្វើការដោយគ្មានការនឿយហត់ជារៀងរាល់ថ្ងៃ ជារៀងរាល់នាទី ។ ពួកយើងនឹងលើកឡើងពីតម្រូវការរបស់ប្រជាជន៕