
ក្រុមហ៊ុនផលិតវត្ថុពាក់កណ្តាលចម្លងសហរដ្ឋអាមេរិក Qualcomm បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងផ្គត់ផ្គង់បន្ទះឈីប ដើម្បីផ្តល់ថាមពលក្នុងប្រព័ន្ធព័ត៌មានរថយន្ត ដល់ក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes និង BMW ស្របពេលដែលក្រុមហ៊ុនចិន Leapmotor បង្ហាញរថយន្ត SUV នៅពិព័រណ៍រថយន្តក្រុង Munich ។
គួរឲ្យដឹងថា ក្រុមហ៊ុន Qualcomm គឺជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបឈានមុខគ្នា ដែលប្រើប្រាស់ក្នុងស្មាតហ្វូន គឺជាទីផ្សារមួយដែលបានធ្លាក់ចុះកាលពីឆ្នាំមុន ។
ប៉ុន្តែក្រុមហ៊ុនមួយនេះ កំពុងធ្វើការផងដែរជាមួយក្រុមហ៊ុនរថយន្ត ដើម្បីផ្តល់កម្លាំងដល់មុខងារជាច្រើននៅក្នុងរថយន្ត ចាប់តាំងពីប្រព័ន្ធព័ត៌មាន រហូតដល់ប្រព័ន្ធជំនួយអ្នកបើកបរទំនើប ហើយប្រាក់ចំណូលពីការលក់បន្ទះឈីបដល់ក្រុមហ៊ុនរថយន្តរបស់ពួកគេ បានកើនឡើងចំនួន ១៣ភាគរយ នៅត្រីមាសចុងក្រោយនេះ បើទោះបីជាចក្ខុវិស័យស្មាតហ្វូន បានធ្លាក់ចុះដូចការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគក៏ដោយ ។
ក្រុមហ៊ុន Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងផ្គត់ផ្គង់ក្រុមហ៊ុន BMW នូវបន្ទះឈីបដែលនឹងជួយផ្តល់កម្លាំងបញ្ជាសំឡេងនៅក្នុងរថយន្ត ។ ពួកគេបាននិយាយផងដែរថា ពួកគេនឹងផ្គត់ផ្គង់បន្ទះឈីបសម្រាប់ Version ក្រោយរបស់ម៉ូដែលរថយន្ត Mercedes E ដែលនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ខាងមុខ ។
លោក Cristiano Amon គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Qualcommនិយាយនៅក្នុងបទសម្ភាសន៍នៅក្រៅពិព័រណ៍រថយន្តក្រុង Munich ប្រទេសអាល្លឺម៉ង់ថា ក្រុមហ៊ុនរបស់លោករំពឹងថានឹងទទួលបានប្រាក់ចំណូល ៤ពាន់លានដុល្លារពីវិស័យរថយន្តនៅក្នុងឆ្នាំ ២០២៦ខាងមុខ ពោលគឺកើនឡើងដល់ ៩ពាន់លានដុល្លារនៅដំណាច់ទសវត្សរ៍នេះ ៕