
រដ្ឋបាលលោកបៃដិន បានប្រកាន់ជំហរលាយឡំគ្នាលើគោលនយោបាយរបស់ខ្លួនពាក់ព័ន្ធនឹងប្រទេសហៃទី ដោយទីភ្នាក់ងារសហព័ន្ធមួយ បានព្រមានថា ប្រទេសកោះការ៉ាអ៊ីបមួយនេះ មានគ្រោះថ្នាក់ខ្លាំងពេកមិនអាចធ្វើដំណើរបានសម្រាប់ពលរដ្ឋអាមេរិក ខណៈដែលទីភ្នាក់ងារមួយផ្សេងទៀត បណ្តេញជនជាតិហៃទីត្រឡប់ទៅប្រទេស ដែលហែកហួរដោយអំពើហិង្សានេះវិញ។
អំពើហិង្សានៅក្នុងប្រទេសហៃទីក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២៣ បានកើនឡើងជិត១៤ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
កាលពីថ្ងៃទី៣០ ខែសីហា ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទី បានជំរុញឲ្យពលរដ្ឋអាមេរិក ចាកចេញពីប្រទេសនេះ ដោយសារតែ«ស្ថានភាពសន្តិសុខបច្ចុប្បន្ន»។ នៅថ្ងៃបន្ទាប់ ផ្នែកអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក(ICE) បាននិរទេសបុគ្គលមួយចំនួន ដែលមិនបានបង្ហាញឲ្យដឹង ទៅកាន់ប្រទេសហៃទី។
ដោយរដ្ឋធានីព័រអូប្រាំងរបស់ប្រទេសហៃទីមួយភាគធំដែលត្រូវបានគ្រប់គ្រងដោយក្រុមជនអន្ធពាលដែលល្បីដោយសារការចាប់ពង្រត់ និងឃាតកម្ម ក្រុមអ្នកជំនាញព្រមានថា ការនិរទេសទាំងនេះ អាចឈានដល់ការកាត់ទោសប្រហារជីវិត។