អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅក្នុងទីក្រុងគីវ ដែលនេះជាដំណើរទស្សនកិច្ចលើកទី៣របស់លោកទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយទាំងស្រុងរបស់រុស្ស៊ី កាលពីខែកុម្ភៈឆ្នាំមុន។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលការវាយបករបស់អ៊ុយក្រែន បានឈានចូលដល់ខែទី៤ ដោយទាំងបណ្ដាមេដឹកនាំនយោបាយ និងយោធា នៅទីក្រុងគីវ បាននិយាយគ្នាពីជ័យជម្នះ នាពេលថ្មីៗនេះ ជាពិសេសនៅភាគខាងត្បូងនៃប្រទេស បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការជំរុញរួមគ្នានៅលើសមរភូមិ មិនទទួលបានលទ្ធផលជាផ្លែផ្កា។
ការឈប់សំចតលើកទី១ របស់លោក Blinken នៅថ្ងៃពុធនេះ បន្ទាប់ពីមានដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ស្ថានទូតអាមេរិក គឺនៅឯទីបញ្ចុះសពយោធា ជាកន្លែងដែលរូបលោកបានដាក់កម្រងផ្កាជាកិត្តិយសដល់ទាហាន ដែលបានពលីជីវិតរបស់អ៊ុយក្រែន។ ក្រោយមក រូបលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលលោកអាចរំពឹងថា នឹងមានរបាយការណ៍ដំបូងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការដណ្ដើមមកវិញនូវដែនដី ជុំវិញភាគខាងកើតទីក្រុង Bakhmut ដែលមេដឹកនាំអ៊ុយក្រែន បានធ្វើទស្សនកិច្ចជាមួយកងទ័ពរបស់លើ នៅទីនោះ កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា)។
មន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេសម្នាក់ បានប្រាប់អ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយលោក Blinken ថា ដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់របស់អាមេរិកនេះ គឺជាឱកាសមួយ ដើម្បីឲ្យសហរដ្ឋអាមេរិក និងអ៊ុយក្រែន ធ្វើឲ្យមានភាពស្របគ្នា នៅមុនមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នាចុងខែនេះ៕