
អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) បាននិយាយ នៅថ្ងៃពុធ (ទី៦ ខែកញ្ញា) នេះ ថា ឆ្នាំ២០២៣ ទំនងជាឆ្នាំដ៏ក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយសីតុណ្ហភាពសកល អំឡុងរដូវក្តៅ នៅអឌ្ឍគោលខាងជើង គឺក្តៅបំផុត ក្នុងកំណត់ត្រា។
រលកកម្ដៅ គ្រោះរាំងស្ងួត និងចំហេះព្រៃ បានកើតមាន នៅទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដោយបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។
សេវាកម្មបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់ EU បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា សីតុណ្ហភាពសកលជាមធ្យម ក្នុងខែមិថុនា កក្កដា និងសីហា គឺ ១៦,៧៧អង្សាសេ ដោយក្ដៅជាងការឡើងកម្ដៅនាពេលមុន ១៦,៤៨អង្សាសេ ក្នុងឆ្នាំ២០១៩។
អគ្គនាយករងរបស់ C3S លោក Samantha Burgess បានប្រាប់សារព័ត៌មាន AFP ថា៖ «រយៈពេល ៣ខែ ដែលយើងទើបតែឆ្លងផុតមកថ្មីនេះ គឺជាពេលវេលាដ៏ក្តៅបំផុត ក្នុងរយៈពេលប្រហែល ១២០.០០០ឆ្នាំកន្លងមកនេះ ដោយការឡើងកម្ដៅនេះ ជាស្ថានភាពអាក្រក់ខ្លាំងណាស់ សម្រាប់ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ»។
ខែមុន គឺជាខែសីហាដែលក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រ និងក្តៅជាងខែផ្សេងទៀតទាំងអស់ លើកលែងតែខែកក្កដា ឆ្នាំ២០២៣ នេះ៕